ព្រះត្រៃបិដក ភាគ ៨៤
[២០២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី អនាគាមិបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ ព្រះអរហន្ត (លះកិលេសបានច្រើនជាង)។ បើព្រះអរហន្ត លះកិលេសបានច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ដូច្នេះដែរ។
[២០៣] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គលក្តី សោតាបន្នបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ អនាគាមិបុគ្គល (លះកិលេសបានច្រើនជាង)។ បើអនាគាមិបុគ្គល លះកិលេសបានច្រើនជាង ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។
ID: 637652405994929171
ទៅកាន់ទំព័រ៖