ព្រះត្រៃបិដក ភាគ ៨៤
[២០៤] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គលក្តី សកទាគាមិបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ អនាគាមិបុគ្គល (លះកិលេសបានច្រើនជាង)។ បើអនាគាមិបុគ្គល លះកិលេសបានច្រើនជាង ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ដូច្នេះដែរ។
[២០៥] សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ សកទាគាមិបុគ្គលក្តី សោតាបន្នបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ សកទាគាមិបុគ្គល (លះកិលេសបានច្រើនជាង)។ បើសកទាគាមិបុគ្គល លះកិលេសបានច្រើនជាង ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលដូច្នេះដែរ។
ID: 637652406230554295
ទៅកាន់ទំព័រ៖