ព្រះត្រៃបិដក ភាគ ៨៤

ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មាន​ក្នុង​ក្រុង​សាវត្ថី​នេះ ដូច្នេះ​មែន​ឬ។ អើ។ ចុះ​ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មាន​ក្នុង​ក្រុង​សាវត្ថី​តែប៉ុណ្ណោះ ក្នុង​ទី​ឯទៀត មិន​មានការ​ប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អនាគាមិ​បុគ្គល បាន​លះ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ មិនទាន់​លះ​សញ្ញោជនៈ ជា​ចំណែកខាង​លើ ៥ លុះ​ច្យុត​ចាក​អត្តភាព​នេះ ទៅ​កើត​ក្នុង​ជាន់​សុទ្ធាវាស​នោះ ចុះ​ការ​កើតឡើង​នៃ​ផល​ក្នុង​ទីណា។ ការ​កើតឡើង​នៃ​ផល ក្នុង​សុទ្ធាវាស​នោះ​ឯង។ បើ​អនាគាមិ​បុគ្គល បាន​លះ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ មិនទាន់​លះ​សញ្ញោជនៈ ជា​ចំណែកខាង​លើ ៥ លុះ​ច្យុត​ចាក​អត្តភាព​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ជាន់​សុទ្ធាវាស​នោះ ការ​កើតឡើង​នៃ​ផល ក៏​ក្នុង​សុទ្ធាវាស​នោះ​ឯង ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មិន​មាន​ក្នុង​ពួក​ទេវតា ដូច្នេះ​ទេ។ អនាគាមិ​បុគ្គល បាន​លះ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ មិនទាន់​លះ​សញ្ញោជនៈ ជា​ចំណែកខាង​លើ ៥ លុះ​ច្យុត​ចាក​អត្តភាព​នេះ​ទៅ បាន​ទៅ​កើត​ក្នុង​ជាន់​សុទ្ធាវាស​នោះ ចុះ​ការ​ដាក់ចុះ​នូវ​ភារៈ​ក្នុង​ទីណា ការកំណត់​ដឹង​នូវ​ទុក្ខ ក្នុង​ទីណា ការ​លះកិលេស​ក្នុង​ទីណា ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​ក្នុង​ទីណា ការ​ចាក់ធ្លុះ​នូវ​ធម៌​មិន​កម្រើក​ក្នុង​ទីណា។ ក្នុង​សុទ្ធាវាស​នោះ​ឯង។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637652419037276184
ទៅកាន់ទំព័រ៖