ព្រះត្រៃបិដក ភាគ ៨៤

 [២៨៩] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល សង្កត់សង្កិន​កាមរាគ និង​ព្យាបាទ បុគ្គល​នោះ សង្កត់សង្កិន​ជ្រះស្រឡះ សង្កត់សង្កិន​មិន​ឲ្យ​មាន​សេសសល់។បេ។ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​សង្កត់សង្កិន​ឬ។ អើ។ បុថុជ្ជន សង្កត់សង្កិន​កាមរាគ និង​ព្យាបាទ បុថុជ្ជន​នោះ សង្កត់សង្កិន​ជ្រះស្រឡះ សង្កត់សង្កិន​មិន​ឲ្យ​មាន​សេសសល់។បេ។ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​សង្កត់សង្កិន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩០] បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ តែ​បុថុជ្ជន​នោះ មិន​លះ​ជ្រះស្រឡះ មិន​លះ​មិន​ឲ្យ​មាន​សេសសល់ មិន​លះ​មិន​ឲ្យ​មាន​បដិសន្ធិ មិន​លះ​ព្រមទាំង​ឫស មិន​លះ​ព្រមទាំង​តណ្ហា មិន​លះ​ព្រមទាំង​អនុស័យ មិន​លះ​ដោយ​អរិយ​ញ្ញាណ មិន​លះ​ដោយ​អរិយមគ្គ កាល​មិន​ត្រាស់​ដឹង​នូវ​អកុប្បធម៌ ហើយ​លះ​ទេ កាល​មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ហើយ​លះ​ទេ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល លះ​កាមរាគ និង​ព្យាបាទ តែ​បុគ្គល​នោះ មិន​លះ​ជ្រះស្រឡះ។បេ។ មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​លះ​ទេ​ឬ។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637652423740401910
ទៅកាន់ទំព័រ៖