ព្រះត្រៃបិដក ភាគ ៨៤
[៣៣៤] រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ រូបជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើរូបជាអតីត ជាធម្មជាតមិនទៀង។បេ។ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីត ដូច្នេះទេ។
[៣៣៥] និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វាន និព្វានជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីត រូបជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៣៦] រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីត រូបជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វាន និព្វាន ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652429467144236
ទៅកាន់ទំព័រ៖