ព្រះត្រៃបិដក ភាគ ៨៤

គឺ​សតិ​ប្ប​ដ្ឋាន ៤ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ធម៌​ទាំងអស់ ឈ្មោះថា ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣៦] ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ការ​កើត​ប្រាកដ​នៃ​រតនៈ ៧ ប្រការ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ស្តេច​ចក្រពត្តិ។ រតនៈ ៧ ប្រការ តើ​ដូចម្តេច។ ការ​កើត​ប្រាកដ​នៃ​ចក្ក​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​ហត្ថិ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​អស្ស​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​មណិ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​ឥត្ថី​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​គហបតិ​រតនៈ ១ ការ​កើត​ប្រាកដ​នៃ​បរិណាយក​រតនៈ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​កើត​ប្រាកដ​នៃ​រតនៈ ៧ ប្រការ​នេះឯង ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះរាជា​ចក្រពត្តិ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​កើត​ប្រាកដ​នៃ​ពោជ្ឈង្គ​រតនៈ ៧ ព្រោះ​ការ​កើត​ប្រាកដ​នៃ​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ។ ការ​កើត​ប្រាកដ​នៃ​ពោជ្ឈង្គ ៧ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637652452177508155
ទៅកាន់ទំព័រ៖