ព្រះត្រៃបិដក ភាគ ៨៤
[៤៤៣] អ្នកមិនគួរពោលថា អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះ អនាគត មានយ៉ាងនេះ មិនមានយ៉ាងនេះ បច្ចុប្បន្នមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ អតីត មានយ៉ាងនេះ គឺអតីតជាអនាគត អតីតមានយ៉ាងនេះ គឺអតីត ជាបច្ចុប្បន្ន អនាគតមានយ៉ាងនេះ គឺអនាគត ជាអតីត អនាគត មានយ៉ាងនេះ គឺអនាគតជាបច្ចុប្បន្ន បច្ចុប្បន្នមានយ៉ាងនេះ គឺបច្ចុប្បន្នជាអតីត បច្ចុប្បន្ន មានយ៉ាងនេះ គឺបច្ចុប្បន្នជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បើដូច្នោះ អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះ អនាគតមានយ៉ាងនេះ មិនមានយ៉ាងនេះ បច្ចុប្បន្នមានយ៉ាងនេះ មិនមានយ៉ាងនេះ។
[៤៤៤] រូបមានឬ។ រូបមានយ៉ាងនេះ មិនមានយ៉ាងនេះ។ រូបនោះ មាន រូបនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបនោះ មាន រូបនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន អត្ថថាមិនមាន ឈ្មោះអត្ថថាមាន ភាពមាន ឈ្មោះថាភាពមិនមាន ភាពមិនមាន ឈ្មោះថាភាពមាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថាមិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មានអត្ថតែមួយស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នា។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652453450633588
ទៅកាន់ទំព័រ៖