ព្រះត្រៃបិដក ភាគ ៨៥

 [៣១៤] ចិត្ត​រួច​ស្រឡះ​ហើយ ចិត្ត​កំពុង​រួច​ស្រឡះ មែន​ឬ។ អើ។ ចិត្ត​ដែល​រួច​ស្រឡះ​ហើយ ក្នុង​ខណៈ​ដែល​កើតឡើង ចិត្ត​កំពុង​រួច​ស្រឡះ ក្នុង​ខណៈ​សាបសូន្យ មែន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១៥] បុគ្គល​មិន​គួរ​ពោល​ថា ចិត្ត​រួច​ស្រឡះ​ហើយ ចិត្ត​កំពុង​រួច​ស្រឡះ មែន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា កាល​បុគ្គល​នោះ ដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ចិត្ត​រមែង​រួច​ស្រឡះ​ចាក​កាមាសវៈ​ផង ចិត្ត​រួច​ស្រឡះ​ចាក​ភវាសវៈ​ផង ចិត្ត​រួច​ស្រឡះ​ចាក​អវិជ្ជា​សវៈ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ចិត្ត ឈ្មោះថា​រួច​ស្រឡះ​ហើយ ឈ្មោះថា​កំពុង​រួច​ស្រឡះ។
 [៣១៦] ចិត្ត​រួច​ស្រឡះ​ហើយ ចិត្ត​កំពុង​រួច​ស្រឡះ (ឈ្មោះថា​រួច) មែន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិន​មាន​ទីទួល​គឺ​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង ជា​ចិត្តទន់ គួរ​ដល់​ភាវនា​កម្ម ជា​ចិត្តនឹង​ធឹង មិន​ញាប់ញ័រ យ៉ាងនេះ​ហើយ បុគ្គល​នោះ រមែង​បង្អោន​ចិត្ត​ដើម្បី​ញាណ ជាហេតុ​ឲ្យអស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​មិន​គួរ​ពោល​ថា ចិត្ត​រួច​ស្រឡះ​ហើយ ចិត្ត​កំពុង​រួច​ស្រឡះ​ទេ។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637652579050402007
ទៅកាន់ទំព័រ៖