ព្រះត្រៃបិដក ភាគ ៨៥
[៤៧០] ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលទេ។
[៤៧១] ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ រាគៈ ដែលជាដំណើរទៅកាន់អបាយ ទោសៈ ដែលជាដំណើរទៅកាន់អបាយ និងមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៧២] ព្រះអរហន្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ក្រែងព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយឬ។ អើ។ បើព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ប្រកបដោយសកទាគាមិផលទេ។
ID: 637652595865741730
ទៅកាន់ទំព័រ៖