ព្រះត្រៃបិដក ភាគ ៨៥
[៤៩៧] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគតឬ។ អើ។ ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៩៨] ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ ព្រះពុទ្ធកំណត់ដឹងនូវទុក្ខសច្ច។បេ។ ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៩៩] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥០០] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន កំណត់ដឹងនូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត កំណត់ដឹងនូវទុក្ខសច្ច។បេ។ ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652598451366856
ទៅកាន់ទំព័រ៖