ព្រះត្រៃបិដក ភាគ ៨៥
[៥០៩] បុគ្គលមិនគួរនិយាយថា បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណទេឬ។ អើ។ ក្រែងបុគ្គលជាព្រះពុទ្ធ ព្រោះបានចំពោះនូវពោធិញ្ញាណឬ។ អើ។ បើបុគ្គលជាព្រះពុទ្ធ ព្រោះបានចំពោះនូវពោធិញ្ញាណមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណទេ។
[៥១០] បុគ្គលជាព្រះពុទ្ធ ព្រោះបានចំពោះនូវពោធិញ្ញាណឬ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណឬ។ អើ។ ការត្រាស់ដឹង ព្រោះការបានចំពោះនូវពោធិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ពោធិយា ពុទ្ធោតិកថា។
លក្ខណកថា
[៥១១] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ បទេសពោធិសត្វ ប្រកបដោយបទេសលក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥១២] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ តិភាគពោធិសត្វ ប្រកបដោយតិភាគលក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥១៣] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ ឧបឌ្ឍពោធិសត្វប្រកបដោយឧបឌ្ឍលក្ខណៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652599448866765
ទៅកាន់ទំព័រ៖