ព្រះត្រៃបិដក ភាគ ៨៥
ជនទាំងឡាយណា បានដល់នូវការអស់ទៅនៃអាសវៈ ជនទាំងឡាយនោះ ឈ្មោះថា ជិនៈ (អ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ តថាគត បានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត បាននូវឈ្មោះថា ជិនៈ (អ្នកឈ្នះបាបធម៌)
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះគាគ ទ្រង់ព្រះនាមកស្សបទេ។
[៥៣៩] ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះគាគ ទ្រង់ព្រះនាមកស្សបឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលពីមុនមកថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា នោះឯងជាទុក្ខអរិយសច្ច ដែលបុគ្គលគួរកំណត់ដឹង
ID: 637652616917773010
ទៅកាន់ទំព័រ៖