ព្រះត្រៃបិដក ភាគ ៨៥
បើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ការលះបង់នូវកាមរាគៈ និងព្យាបាទ មិនឲ្យមានសេសសល់ ឈ្មោះថាអនាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គទេ។
[៥៧៩] សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យមានសេសសល់ ឈ្មោះថាអរហត្តឬ។ អើ។ បើព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យមានសេសសល់ ឈ្មោះថាអរហត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គទេ។
[៥៨០] បុគ្គលមិនគួរនិយាយថា ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្តទេឬ។ អើ ។ ក្រែងសញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ហើយឬ។ អើ។ បើសញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្ត។
ចប់ សព្វសញ្ញោជនប្បហានកថា។
ចប់ ចតុត្ថវត្ត។
ID: 637652621466991774
ទៅកាន់ទំព័រ៖