ព្រះត្រៃបិដក ភាគ ៨៥
[៥៩៣] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញ្ញាណនោះ ជាកុសលឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ ថាទៀងក្នុងរបស់មិនទៀង ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបរីតញ្ញាណរបស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញ្ញាណនោះ ជាកុសលឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ ថាសុខក្នុងរបស់ជាទុក្ខ។បេ។ ថាខ្លួន ក្នុងរបស់មិនមែនខ្លួន។បេ។ ថាស្អាត ក្នុងរបស់មិនស្អាត ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៩៤] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន)ឬ។ អើ។ ព្រះអរហន្ត ចូលកាន់បឋវីកសិណសមាបត្តិឬ។ អើ។ បើព្រះអរហន្ត ចូលកាន់បឋវីកសិណសមាបត្តិ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
[៥៩៥] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ព្រះអរហន្ត ចូលកាន់បឋវីកសិណសមាបត្តិឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652623965741722
ទៅកាន់ទំព័រ៖