ព្រះត្រៃបិដក ភាគ ៨៥
បឋវីកសិណ ក្នុងសម្មតិសច្ចៈ ក៏មានឬ។ អើ ។ បើញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន ទាំងបឋវីកសិណ ក្នុងសម្មតិសច្ចៈ ក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦១៨] បុគ្គលមិនគួរនិយាយថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងញាណ របស់បុគ្គលដែលចូលកាន់អាបោកសិណ។បេ។ តេជោកសិណ។បេ។ កាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ឯគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងសម្មតិសច្ចៈ ក៏មានឬ។ អើ។ បើញាណ របស់បុគ្គលកាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ឯគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងសម្មតិសច្ចៈ ក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។
[៦១៩] សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ បុគ្គលកំណត់ដឹងនូវទុក្ខ លះនូវសមុទយៈ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ ចម្រើននូវមគ្គ ដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ សម្មតិញ្ញាណកថា។
ID: 637652626495116709
ទៅកាន់ទំព័រ៖