ព្រះត្រៃបិដក ភាគ ៨៥
ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ការកើតឡើងនៃតថាគតទាំងឡាយក្តី ការមិនកើតឡើងនៃតថាគតទាំងឡាយក្តី ក៏ធាតុនោះ ភាពនៃការឋិតនៅនៃធម៌ ភាពនៃការកំណត់នូវធម៌ ភាពនៃឥទប្បច្ច័យនោះ រមែងតាំងនៅជាធម្មតា តថាគត ត្រាស់ដឹងច្បាស់ យល់ច្បាស់ នូវហេតុ មានធាតុជាដើមនោះ លុះត្រាស់ដឹងច្បាស់ យល់ច្បាស់ហើយ ទើបប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសថា អ្នកទាំងឡាយ ចូរមើលចុះ ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ការកើតឡើងនៃតថាគតទាំងឡាយក្តី ការមិនកើតឡើងនៃតថាគតទាំងឡាយក្តី ក៏ធាតុនោះ រមែងតាំងនៅជាធម្មតា។បេ។ ប្រកាសថា អ្នកទាំងឡាយ ចូរមើលចុះ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិត សេចក្តីមិនឃ្លៀងឃ្លាត សេចក្តីមិនប្រែប្រួល ភាពនៃឥទប្បច្ច័យណា ក្នុងធម៌ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បដិច្ចសមុប្បាទ ជាអសង្ខតៈ។
ID: 637652630834023152
ទៅកាន់ទំព័រ៖