ព្រះត្រៃបិដក ភាគ ៨៥

 [៦៤៩] ទុក្ខសច្ច ជា​អសង្ខ​តៈ ទុក្ខ ជា​សង្ខ​តៈ​ដែរ​ឬ។ អើ។ និរោធ​សច្ច ជា​អសង្ខ​តៈ និរោធ ជា​សង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សមុទយសច្ច ជា​អសង្ខ​តៈ សមុទយៈ ជា​សង្ខ​តៈ​ដែរ​ឬ។ អើ។ និរោធ​សច្ច ជា​អសង្ខ​តៈ និរោធ ជា​សង្ខ​តៈ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គសច្ច ជា​អសង្ខ​តៈ មគ្គ ជា​សង្ខ​តៈ​ដែរ​ឬ។ អើ។ និរោធ​សច្ច ជា​អសង្ខ​តៈ និរោធ ជា​សង្ខ​តៈ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៥០] បុគ្គល​មិន​គួរ​និយាយ​ថា សច្ចៈ​ទាំង ៤ ជា​អសង្ខ​តៈ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ពិត សេចក្តី​មិន​ឃ្លៀងឃ្លាត សេចក្តី​មិន​ប្រែប្រួល​នោះ មាន ៤ យ៉ាង។ ៤ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ពិត សេចក្តី​មិន​ឃ្លៀងឃ្លាត សេចក្តី​មិន​ប្រែប្រួល​ថា នេះ ជា​ទុក្ខ ១។បេ។ ថា នេះ ជា​ទុក្ខ​សមុទយៈ ១។បេ។ ថា​នេះ ជា​ទុក្ខនិរោធ ១។បេ។ សេចក្តី​ពិត សេចក្តី​មិន​ឃ្លៀងឃ្លាត សេចក្តី​មិន​ប្រែប្រួល​ថា នេះ ជា​ទុក្ខនិរោធ​គាមិនី​បដិបទា ១ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ពិត សេចក្តី​មិន​ឃ្លៀងឃ្លាត សេចក្តី​មិន​ប្រែប្រួល មាន ៤ យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សច្ចៈ​ទាំង ៤ ជា​អសង្ខ​តៈ។

ចប់ សច្ច​កថា។

ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637652632124804428
ទៅកាន់ទំព័រ៖