ព្រះត្រៃបិដក ភាគ ៨៥
ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផងទេ។
[៦៧៩] បុគ្គលមិនគួរនិយាយថា បញ្ញិន្រ្ទិយ (ឥន្រ្ទិយ ៥) ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយដែរឬ។ អើ។ បើអ្នកឃើញភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បញ្ញិន្រ្ទិយ ជាសនិទស្សនៈដែរ។បេ។
ចប់ ចក្ខុន្រ្ទិយំ សនិទស្សនន្តិអាទិកថា។
កាយកម្មំ សនិទស្សនន្តិកថា
[៦៨០] កាយកម្ម ជាសនិទស្សនៈឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគួរដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយកម្ម ជាសនិទស្សនៈឬ។ អើ។
ID: 637652635741366623
ទៅកាន់ទំព័រ៖