ព្រះត្រៃបិដក ភាគ ៨៥
ធម៌ទាំងនោះ ឋិតនៅស៊ប់ ចូលទៅស៊ប់ ដោយធម៌ទាំងនោះ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់សម្បយុត្តកថា។
ចេតសិកកថា
[៦៩១] ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត មិនមានឬ។ អើ។ ក្រែងពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្ត មានដែរឬ។ អើ។ បើពួកធម៌នីមួយ ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្ត មាន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេ។
[៦៩២] ផស្សៈ កើតជាមួយនឹងចិត្តឬ។ អើ។ បើផស្សៈកើតជាមួយនឹងចិត្ត (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ផស្សៈ ជាចេតសិក។ វេទនា។បេ។ សញ្ញា ចេតនា។បេ។ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ។បេ។ អនោត្តប្បៈ កើតជាមួយនឹងចិត្តឬ។ អើ។
ID: 637652637917148649
ទៅកាន់ទំព័រ៖