ព្រះត្រៃបិដក ភាគ ៨៥
បើអនោត្តប្បៈ កើតជាមួយនឹងចិត្ត (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អនោត្តប្បៈ ជាចេតសិក។ ពួកធម៌ជាចេតសិក ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងចិត្តឬ។ អើ។ ពួកធម៌ ប្រព្រឹត្តទៅក្នុងផស្សៈ ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងផស្សៈឬ។ អើ។ ពួកធម៌ ជាចេតសិក ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងចិត្តឬ។ អើ។ ពួកធម៌ នឹងវេទនា។បេ។ នឹងសញ្ញា នឹងចេតនា នឹងសទ្ធា នឹងវីរិយៈ នឹងសតិ នឹងសមាធិ នឹងបញ្ញា នឹងរាគៈ នឹងទោសៈ នឹងមោហៈ។បេ។ ពួកធម៌ ប្រព្រឹត្តទៅក្នុងអនោត្តប្បៈ ព្រោះធ្វើសេចក្តីចូលចិត្តថា កើតជាមួយនឹងអនោត្តប្បៈឬ។ អើ។ ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ចិត្តនេះក្តី ចេតសិកធម៌ទាំងឡាយក្តី របស់បុគ្គលដែលដឹងច្បាស់ ដោយអនត្តលក្ខណៈ កើតប្រាកដ បុគ្គលឃើញដោយប្រពៃ នូវធម៌ដ៏ថោកទាប និងប្រសើរ ក៏ព្រោះដឹងច្បាស់នូវធម៌ទាំងពីនោះ ទើបទទួលបលោកធម៌ (ធម៌ដែលបាក់បែកទ្រុឌទ្រោមទៅ) ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មាន។
ID: 637652638131679276
ទៅកាន់ទំព័រ៖