ព្រះត្រៃបិដក ភាគ ៨៥
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមិនគួរនិយាយថា ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងចំណែកស មកកាន់ភាវៈចំពោះមុខទេ។
[៧០៤] បុគ្គលមិនគួរនិយាយថា បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ជនទាំងឡាយណា ជាអ្នកដាំសួនច្បារ អ្នកដាំដើមឈើ អ្នកធ្វើស្ពាន ជនទាំងឡាយណា ឲ្យទាន ដាក់ទានទឹកផង អណ្តូងទឹកផង ទីសំណាក់អាស្រ័យផង បុណ្យ តែងចម្រើនដល់ជនទាំងនោះ ទាំងថ្ងៃទាំងយប់សព្វកាល ជនទាំងនោះ ជាអ្នកតាំងនៅក្នុងធម៌ បរិបូណ៌ដោយសីល តែងទៅកាន់ឋានសួគ៌
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើន។
ID: 637652640651991691
ទៅកាន់ទំព័រ៖