ព្រះត្រៃបិដក ភាគ ៨៥
[៧១១] បុគ្គលមិនគួរនិយាយថា ពួកប្រេត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងបេតវិស័យនោះ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
ទឹកភ្លៀង ដែលមហាមេឃបង្អុរចុះហើយ ក្នុងទីទួល រមែងហូរទៅកាន់ទំនាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះ ក៏រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះឯង ផ្លូវទឹកដ៏ពេញ រមែងញុំាងសាគរ គឺសមុទ្រ ឲ្យពេញព្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីមនុស្សលោកនេះ ក៏រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះឯង ការភ្ជួរស្រែ ក៏មិនមាន ក្នុងបេតវិស័យនោះ ការរក្សាគោ ក៏មិនមាន ក្នុងបេតវិស័យនោះ ការជួញប្រែជាហេតុបាននូវសម្បត្តិ ប្រាកដដូច្នោះ ក៏មិនមាន ការលក់ទិញ ផ្លាស់ប្តូរដោយប្រាក់ ក៏មិនមាន ពួកប្រេតកាលធ្វើកាលកិរិយាទៅកើតក្នុងបេតវិស័យនោះ រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទានដែលញាតិឲ្យហើយ អំពីមនុស្សលោកនេះបាន
ID: 637652641831679126
ទៅកាន់ទំព័រ៖