ព្រះត្រៃបិដក ភាគ ៨៥

វង្សត្រកូល​គប្បី​ឋិតនៅ​អស់​កាលយូរ ១ បុត្រ​នឹង​ទទួល​គ្រប់គ្រង​មត៌ក ១ មួយទៀត បុត្រ​នឹង​ឧទ្ទិស​បញ្ជូន​ទក្ខិណាទាន​ដល់​យើង ដែល​ធ្វើ​កាលកិរិយា​ទៅ​កើត​ក្នុង​បរលោក ១ បណ្ឌិត​ទាំងឡាយ កាលបើ​ឃើញច្បាស់ នូវ​ស្ថាន​ទាំង ៥ យ៉ាងនេះ​ឯង ទើប​ប្រាថ្នា​បុត្រ ព្រោះហេតុនោះ សប្បុរស​ទាំងឡាយ មានចិត្ត​រម្ងាប់​ហើយ អ្នកដឹង​នូវ​ឧបការគុណ ដែលគេ​ធ្វើ​ហើយ​ប្រាកដ កាល​រឭក​ឃើញ​នូវ​ឧបការគុណ ដែល​មាតាបិតា​ធ្វើ​ហើយ ក្នុង​កាលមុន រមែង​ចិញ្ចឹម​មាតាបិតា ធ្វើ​កិច្ច​ទាំងឡាយ ដល់​មាតា និង​បិតា​ទាំងនោះ ដែល​ជា​បុព្វការី ដោយពិត បុត្រ​ជា​អ្នកធ្វើ​តាម​ឱវាទ អ្នក​ចិញ្ចឹម​មាតាបិតា ដែល​ចិញ្ចឹម​ខ្លួន ញុំាង​វង្សត្រកូល មិន​ឲ្យ​វិនាស ជា​អ្នកមាន​សទ្ធា បរិបូណ៌​ដោយ​សីល អ្នកប្រាជ្ញ​រមែង​សរសើរ។
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បេត​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​មនុស្សលោក​នេះ។

ចប់ ឥតោ​ទិន្ន​កថា។

ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637652642281210449
ទៅកាន់ទំព័រ៖