ព្រះត្រៃបិដក ភាគ ៨៥
មិនគួរពោលយ៉ាងនេះទេ។បេ។ ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា
កាមគុណ ៥ មានចិត្តជាគម្រប់ ៦ តថាគតសំដែងទុកក្នុងលោក បុគ្គលកំចាត់បង់ឆន្ទៈ ក្នុងកាមគុណនុ៎ះ រមែងរួចចាកទុក្ខ ដោយហេតុយ៉ាងនេះឯង
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេ។
[៧៦៧] កាមគុណ ៥ ជាកាមធាតុឬ។ អើ កាមគុណ គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្មនាំចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាមគុណ គឺបញ្ចវោការភពឬ។
ID: 637652656383554695
ទៅកាន់ទំព័រ៖