ព្រះត្រៃបិដក ភាគ ៨៥

អើ។ កាមគុណ គឺ​បញ្ចវោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ទ្រង់​កើតឡើង ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ កើតឡើង គូ​នៃ​សាវ័ក​កើតឡើង ក្នុង​កាមធាតុ​ដែរ​ឬ។ អើ។ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ទ្រង់​កើតឡើង ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ កើតឡើង គូ​នៃ​សាវ័ក កើតឡើង ក្នុង​កាមគុណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៦៨] បុគ្គល​មិន​គួរ​ពោល​ថា កាមគុណ ៥ ជា​កាមធាតុ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាមគុណ​នេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើ​ដូចម្តេច។ គឺ​រូប​ទាំងឡាយ ដែល​គប្បី​ដឹង​ដោយ​ភ្នែក ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត មាន​សភាព​ជាទីស្រឡាញ់ ប្រកបដោយ​កាម គួរ​រីករាយ ១ សំឡេង​ទាំងឡាយ ដែល​គប្បី​ដឹង​ដោយ​ត្រចៀក។បេ។ ក្លិន​ទាំងឡាយ ដែល​គប្បី​ដឹង​ដោយ​ច្រមុះ។បេ។ រស​ទាំងឡាយ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត។បេ។ ផោដ្ឋព្វៈ​ទាំងឡាយ ដែល​គប្បី​ដឹង​ដោយ​កាយ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត មាន​សភាព​ជាទីស្រឡាញ់ ប្រកបដោយ​កាម គួរ​រីករាយ ១ ម្នាល​ភិក្ខុ​ទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ កាមគុណ ៥ យ៉ាង ជា​កាមធាតុ (ដោយពិត)។

ចប់ កាមគុណ​កថា។

ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 637652656856523008
ទៅកាន់ទំព័រ៖