ព្រះត្រៃបិដក ភាគ ៨៥
ប្រសិនបើ (ចិត្ត) មានអារម្មណ៍ជាអនាគត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ (ព្រោះពាក្យថា) ចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ ដូច្នេះ ជាពាក្យខុស មួយទៀត ប្រសិនបើ ចិត្តមិនមានអារម្មណ៍ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តមានអារម្មណ៍ជាអនាគតទេ (ព្រោះពាក្យថា) មិនមានអារម្មណ៍ និងមានអារម្មណ៍ជាអនាគត ដូច្នេះ ជាពាក្យខុស។
[៩០១] ចិត្ត ជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគតឬ។ អើ។ ប្រសិនបើ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ។
[៩០២] ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ (មានអារម្មណ៍ជាបច្ចុប្បន្ន) ប្រកបដោយអារម្មណ៍ឬ។ អើ។ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ចុះចិត្តជាអតីតារម្មណ៍ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652676178866709
ទៅកាន់ទំព័រ៖