ព្រះត្រៃបិដក ភាគ ៨៥

អើ។ ក្រែង​បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​ហើយ មាន​អារម្មណ៍​កើតឡើង​ហើយ​ឬ។ អើ។ ប្រសិនបើ បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​ហើយ មាន​អារម្មណ៍​កើតឡើង​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បញ្ច​វិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន​ទេ។ ក្រែង​បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតមុន មាន​អារម្មណ៍​កើតមុន មាន​វត្ថុ​ប្រព្រឹត្តទៅ​ខាងក្នុង មាន​អារម្មណ៍​ខាងក្រៅ មាន​វត្ថុ​មិន​ច្រឡំ​គ្នា មាន​អារម្មណ៍​មិន​ច្រឡំ​គ្នា មាន​វត្ថុ​ផ្សេងៗគ្នា មាន​អា​រម្ម​ណ៍​ផ្សេងៗគ្នា មិន​ទទួល​នូវ​គោចរ​វិស័យ​នៃ​គ្នា​និង​គ្នា មិនកើត​ឡើង​អំពី​ការ​មិន​ពិចារណា មិនកើត​ឡើង​អំពី​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត មិនកើត​ឡើង​អំពី​ការ​មិន​ច្រឡូកច្រឡំ​គ្នា មិនកើត​ឡើង​មិន​មុន​មិន​ក្រោយ មិនកើត​ឡើង​ក្នុង​លំដាប់​ស្មើ​នៃ​គ្នា​និង​គ្នា ក្រែង​បញ្ច​វិញ្ញាណ មិន​មានកំណត់​ទុក​ក្នុងចិត្ត​ទេ​ឬ។ អើ។ ប្រសិនបើ បញ្ច​វិញ្ញាណ មិន​មានកំណត់​ទុក​ក្នុងចិត្ត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បញ្ច​វិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន​ទេ។
 [៩៤៨] ចក្ខុវិញ្ញាណ ជាកុសល​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 637652682612147997
ទៅកាន់ទំព័រ៖