ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុណ្យ និងមិនមែនបុណ្យ(បាប) ទាំងពីរ នៃបុគ្គលសមាទានបាបកម្ម ហើយឲ្យទាន រមែងចម្រើនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុណ្យ និងមិនមែនបុណ្យ ទាំងពីរ រមែងចម្រើនឬ។ អើ។ ការប្រជុំនៃផស្សៈពីរ។បេ។ នៃចិត្តពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការប្រជុំនៃផស្សៈពីរ។បេ។ នៃចិត្តពីរ មានឬ។ អើ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតដែលឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ទី១។បេ។ ព្រោះហេតុនោះ ធម៌របស់ពួកសប្បុរស ឆ្ងាយអំពីពួកអសប្បុរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខទេ។
ID: 637652688397929147
ទៅកាន់ទំព័រ៖