ព្រះត្រៃបិដក ភាគ ៨៥
កាលបុគ្គលសមាទានបាបកម្ម ហើយឲ្យចីវរ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្រាបសំពះ ចំពោះបុគ្គលដែលគួរក្រាបសំពះ ក្រោកទទួល ចំពោះបុគ្គលដែលគួរក្រោកទទួល ធ្វើអញ្ជលិកម្ម ចំពោះបុគ្គលដែលគួរធ្វើអញ្ជលិកម្ម កោតក្រែងចំពោះបុគ្គលដែលគួរដល់សាមីចិកម្ម ឲ្យអាសនៈដល់បុគ្គលដែលគួរដល់អាសនៈ បង្ហាញផ្លូវដល់បុគ្គលដែលគួរដល់ផ្លូវ បុណ្យ និងមិនមែនបុណ្យ ទាំងពីរ រមែងចម្រើនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុណ្យ និងមិនមែនបុណ្យ ទាំងពីរ រមែងចម្រើនឬ។ អើ។ ការប្រជុំនៃផស្សៈពីរ។បេ។ នៃចិត្តពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការប្រជុំនៃផស្សៈពីរ។បេ។ នៃចិត្តពីរ មានឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច។
ID: 637652688605585937
ទៅកាន់ទំព័រ៖