ព្រះត្រៃបិដក ភាគ ៨៥
[១៦៧] វិតក្កៈ វិចារៈ ព្រះមានព្រះភាគត្រាស់ហៅថា វចីសង្ខារ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ចុះវចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។ វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន ចម្រើនអាបោកសិណ។បេ។ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ។បេ។ ឱទាតកសិណ មាន ចុះវចីភេទរបស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦៨] បុគ្គលមិនគួរនិយាយថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មានទេឬ។ អើ។ ក្រែងការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា (បើដូច្នោះ) វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មានដែរឬ។ អើ។ បើការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វចីភេទរបស់បុគ្គលចូលកាន់សមាបត្តិ មាន។
[១៦៩] ការតាំងឡើងនៃវិតក្កៈ ព្រះមានព្រះភាគត្រាស់ហៅថា វាចា វិតក្កៈ វិចារៈ របស់បុគ្គលចូលកាន់បឋមជ្ឈាន មាន ព្រោះហេតុនោះ វចីភេទ របស់បុគ្គលចូលកាន់បឋមជ្ឈាននោះ មានដែរឬ។ អើ។
ID: 637652546661161587
ទៅកាន់ទំព័រ៖