ព្រះត្រៃបិដក ភាគ ៨៥
អណ្តាតជារបស់ក្តៅ រសជារបស់ក្តៅ។បេ។ កាយជារបស់ក្តៅ ផោដ្ឋព្វៈជារបស់ក្តៅ។បេ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ជារបស់ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផ័ស្សជារបស់ក្តៅ ធម្មជាតណា ដែលទទួលអារម្មណ៍ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខមិនមែនជាសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះជារបស់ក្តៅ ចុះក្តៅដោយអ្វី ក្តៅដោយភ្លើងគឺរាគៈ ក្តៅដោយភ្លើងគឺទោសៈ ក្តៅដោយភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថាក្តៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែន។
[១៩៧] សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥យ៉ាង កាមគុណទាំង៥ តើដូចម្តេចខ្លះ គឺរូបដែលគប្បីដឹងដោយភ្នែក ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាតម្រេក ១ សំឡេងដែលគប្បីដឹងដោយត្រចៀក ១។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ ១។បេ។ រសដែលគប្បីដឹងដោយអណ្តាត ១។បេ។ ផ្សព្វដែលគប្បីដឹងដោយកាយ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាតម្រេក ១ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះឯង
ID: 637652550624286735
ទៅកាន់ទំព័រ៖