ព្រះត្រៃបិដក ភាគ ៨៥
អើ។ បុគ្គលទី ៨ ឈ្មោះថា តាំងនៅក្នុងពួកបុថុជ្ជន ជាខាងក្រៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ បុគ្គលទី ៨ ក៏មានឥន្ទ្រិយ ៥ ដែរ។
ចប់ អដ្ឋមកឥន្ទ្រិយកថា។
ទិព្វចក្ខុកថា
[៣៥០] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ គឺទិព្វចក្ខុ ឯទិព្វចក្ខុ គឺមំសចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥១] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ ដូចម្តេច ទិព្វចក្ខុ ក៏ដូច្នោះ ទិព្វចក្ខុ ដូចម្តេច មំសចក្ខុ ក៏ដូច្នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥២] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ នោះឯង គឺទិព្វចក្ខុនោះ ទិព្វចក្ខុនោះ គឺមំសចក្ខុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៣] មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ។ អើ។ មំសចក្ខុ មានវិស័យ មានអានុភាព មានគោចរ ដូចម្តេច ទិព្វចក្ខុ ក៏មានវិស័យ មានអានុភាព មានគោចរ ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652583497283135
ទៅកាន់ទំព័រ៖