ព្រះត្រៃបិដក ភាគ ៨៥
បុរសឧត្តម បានពោលថា ចក្ខុទាំងឡាយ មាន ៣ ប៉ុណ្ណោះ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុជាធម្មជាតដ៏ប្រសើរ ១ ការកើតឡើងនៃមំសចក្ខុ ជាផ្លូវនាំឲ្យកើតឡើងនៃទិព្វចក្ខុ កាលណាបើញាណកើតឡើងហើយ បញ្ញាចក្ខុដ៏ប្រសើរ (ក៏កើតឡើង កាលណោះដែរ) បុគ្គលរួចស្រឡះចាកទុក្ខទាំងអស់ ព្រោះតែបានបញ្ញាចក្ខុនោះ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចក្ខុទាំងឡាយ មានតែ ២ ប៉ុណ្ណោះទេ។
ចប់ ទិព្វចក្ខុកថា។
ទិព្វសោតកថា
[៣៦៤] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោត គឺទិព្វសោត ទិព្វសោត គឺមំសសោតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៦៥] មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ។ អើ។ មំសសោត ដូចម្តេច ទិព្វសោត ក៏ដូច្នោះដែរ ទិព្វសោត ដូចម្តេច មំសសោត ក៏ដូច្នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652584643845978
ទៅកាន់ទំព័រ៖