ព្រះត្រៃបិដក ភាគ ៨៥
បដិច្ចសមុប្បាទកថា
[៦៣៩] បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ និព្វានជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈ និព្វានជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹងមានពីរ ទីជ្រកកោនមានពីរ ទីការពារមានពីរ ទីប្រព្រឹត្តទៅខាងមុខមានពីរ ទីមិនច្យុតមានពីរ ទីមិនស្លាប់មានពីរ និព្វានមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ និព្វានមានពីរឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រែះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤០] បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ អវិជ្ជា ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អវិជ្ជា ជាសង្ខតៈឬ។ អើ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ។ អើ។ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ជាអសង្ខតៈឬ។
ID: 637652630401210407
ទៅកាន់ទំព័រ៖