ព្រះត្រៃបិដក ភាគ ៨៥
សង្គហិតកថា
[៦៨២] ពួកធម៌នីមួយ សង្គ្រោះដោយពួកធម៌នីមួយ មិនមានទេឬ។ អើ។ ក្រែងពួកធម៌នីមួយ ដល់នូវការរាប់ ដល់នូវឧទ្ទេស រាប់បញ្ចូលដោយពួកធម៌នីមួយ មានឬ។ អើ។ បើពួកធម៌នីមួយ ដល់នូវការរាប់ ដល់នូវឧទ្ទេស រាប់បញ្ចូលដោយពួកធម៌នីមួយ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌នីមួយ សង្គ្រោះដោយពួកធម៌នីមួយ មិនមានទេ។
[៦៨៣] អាយតនៈ គឺភ្នែក ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយរូបក្ខន្ធ។ បើអាយតនៈ គឺភ្នែក ដល់នូវការរាប់ដោយរូបក្ខន្ធយ៉ាងនេះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺភ្នែក សង្គ្រោះដោយរូបក្ខន្ធ។ អាយតនៈ គឺត្រចៀក។បេ។ អាយតនៈ គឺច្រមុះ។បេ។ អាយតនៈ គឺអណ្តាត។បេ។ អាតយនៈ គឺកាយ ដល់នូវការរាប់ដោយខន្ធណា។ ដល់នូវការរាប់ដោយរូបក្ខន្ធ។ បើអាយតនៈ គឺកាយ ដល់នូវការរាប់ដោយរូបក្ខន្ធ (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាយតនៈ គឺកាយ សង្គ្រោះដោយរូបក្ខន្ធ។
ID: 637652636513710634
ទៅកាន់ទំព័រ៖