ព្រះត្រៃបិដក ភាគ ៨៥
[៨៥៦] ផស្សៈ តាំងឡើងដោយចិត្តដែលកំពុងស្វែងរកកំណើត កាលចិត្តដែលកំពុងស្វែងរកកំណើត បែកធ្លាយទៅ ផស្សៈ ឥតសេសសល់ បែកធ្លាយទៅឬ។ អើ។ ជីវិតិន្រ្ទិយ តាំងឡើងដោយចិត្តដែលកំពុងស្វែងរកកំណើត កាលចិត្តដែលកំពុងស្វែងរកកំណើត បែកធ្លាយទៅ ជីវិតិន្ទ្រិយ ឥតសេសសល់ បែកធ្លាយទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៥៧] ជីវិតិន្រ្ទិយ មាន ២ ឬ។ អើ។ សត្វ រស់នៅដោយជីវិត ២ ស្លាប់ទៅ ដោយមរណៈ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ជីវិតិន្រ្ទិយកថា។
កម្មហេតុកថា
[៨៥៨] ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ព្រោះហេតុនៃកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ។ អើ។ សកទាគាមិបុគ្គល។បេ។ អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ព្រោះហេតុនៃកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652669241366725
ទៅកាន់ទំព័រ៖