ព្រះត្រៃបិដក ភាគ ៨៦
ឥន្រ្ទិយ ២២ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ ឥន្រ្ទិយ ២២ ដែលមិនទាន់មកដល់ ជាកាលអនាគត ឥន្រ្ទិយ ២២ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ៦៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៥] បុគ្គលមិនគួរនិយាយថា កាល សម្រេចហើយទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទំាងឡាយ កថាវត្ថុនេះ មាន ៣ យ៉ាង។ កថាវត្ថុ ៣ យ៉ាងនេះ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលកន្លងទៅហើយ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ មានហើយ ក្នុងកាលកន្លងទៅហើយផង ម្នាលភិក្ខុទំាងឡាយ បុគ្គលប្រារព្ធនូវកាលដែលមិនទាន់មកដល់ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ នឹងមានក្នុងកាលជាអនាគតផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលកើតចំពោះមុខ ឥឡូវនេះ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ កំពុងមានក្នុងបច្ចុប្បន្ន ឥឡូវនេះផង ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កាល សម្រេចហើយ។
ចប់ អទ្ធាកថា។
ID: 637825163601974019
ទៅកាន់ទំព័រ៖