ព្រះត្រៃបិដក ភាគ ៨៦
ខណលយមុហុត្តកថា
[១៨៦] កាលមួយខណៈ សម្រេចហើយ កាលមួយស្របក់ សម្រេចហើយ កាលមួយរំពេច សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨៧] បុគ្គលមិនគួរនិយាយថា កាលមួយរំពេច សម្រេចហើយទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កថាវត្ថុនេះ មាន ៣ យ៉ាង។ កថាវត្ថុ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលកន្លងហើយ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ មានហើយក្នុងកាលកន្លងទៅហើយផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលមិនទាន់មកដល់ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ នឹងមានក្នុងកាលជាអនាគតផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាលដែលកំពុងកើតមានចំពោះមុខ ឥឡូវនេះ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ កំពុងមានក្នុងបច្ចុប្បន្ន ឥឡូវនេះផង ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កាលមួយរំពេច សម្រេចហើយ។
ចប់ ខណលយមុហុត្តកថា។
ID: 637825163973536079
ទៅកាន់ទំព័រ៖