ព្រះត្រៃបិដក ភាគ ៨៦
អ្នកមិនគួរពោលថា សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេ។
[២៦៦] ថ្នាំពិសមិនគប្បីចូលទៅ គ្រឿងសស្រ្តាមិនគប្បីមុត ភ្លើងមិនគប្បីឆេះ ចំពោះកាយរបស់អរហន្តទេឬ។ អើ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៧] សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានពោលថា កម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ អស់ទៅ ព្រោះតែមិនបានទទួលផលដូច្នេះឡើយ កម្មនោះឯង គប្បីឲ្យផលក្នុងបច្ចុប្បន្ន ឬ ក្នុងអត្តភាពជាលំដាប់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេ។
ចប់ នត្ថិ អរហតោ អកាលមច្ចូតិកថា។
សព្វមិទំ កម្មតោតិកថា
[២៦៨] ធម្មជាត
(១) ទំាងអស់នេះមាន ព្រោះកម្មឬ។ អើ។ ចុះកម្ម មាន ព្រោះកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មជាតទំាងអស់នេះ មាន ព្រោះកម្មឬ។ អើ។ ធម្មជាតទំាងអស់នេះ ជាហេតុដែលធ្វើក្នុងកាលមុនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
(១)សំដៅចំពោះកម្មកិ្កលេស និងវិបាកវដ្តៈ។
ID: 637825192599999558
ទៅកាន់ទំព័រ៖