ព្រះត្រៃបិដក ភាគ ៨៦

 [២៦៩] បុគ្គល​មិន​គួរ​និយាយ​ថា ធម្មជាត​ទាំងអស់​នេះ មាន ព្រោះ​កម្ម​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
លោក ប្រព្រឹត្តទៅ​ដោយ​កម្ម ព​ពួក​សត្វ​ប្រព្រឹត្តទៅ​ដោយ​កម្ម សត្វ​ទំាង​ឡាយ មានកម្ម​ជា​ចំណង (ហេតុ) ដូចជា​ប្រែក​ទប់​របស់​រថ កាល​ប្រព្រឹត្តទៅ បុគ្គល រមែង​បាន​នូវ​កិតិ្តសព្ទ​ដោយ​កម្ម បាន​នូវ​សេចក្តី​សរសើរ​ដោយ​កម្ម បាន​នូវ​សេចក្តី​វិនាស​ផង បាន​នូវ​សេចក្តី​បៀតបៀន​ផង បាន​នូវ​ការ​ជាប់ចំណង​ផង ក៏ដោយ​កម្ម បុគ្គល​បានដឹង​នូវ​កម្ម​នោះ​ថា មាន​អំ​ពើ​ផ្សេងៗគ្នា​ហើយ ហេតុអ្វី​ក៏​និយាយ​ថា កម្ម​មិន​មាន​ក្នុង​លោក ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ធម្មជាត​ទាំងអស់​នេះ មាន ព្រោះ​កម្ម។

ចប់ សព្វ​មិ​ទំ កម្ម​តោ​តិក​ថា។


ឥន្ទ្រិយ​ពទ្ធ​កថា


 [២៧០] ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្រ្ទិយ ទើប​ជា​ទុក្ខ​ឬ។ អើ។ ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្រ្ទិយ ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​សាបរលាប​ទៅជាធម្មតា មានការ​រលត់​ទៅជាធម្មតា មានការ​ប្រែប្រួល​ទៅជាធម្មតា​ដែរ​ឬ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637825193258872544
ទៅកាន់ទំព័រ៖