ព្រះត្រៃបិដក ភាគ ៨៦
[២៧៩] បុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានទេឬ។ អើ។ ក្រែងជនពួកខ្លះ ឲ្យទានដល់សង្ឃ មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ ឲ្យទានដល់សង្ឃ មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ទទួលទក្ខិណាទានបាន។ ក្រែងជនពួកខ្លះ ឲ្យចីវរ។បេ។ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យខាទនីយៈ ឲ្យភោជនីយៈ។បេ។ ឲ្យទឹកគួរផឹក ដល់សង្ឃ មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ ឲ្យទឹកគួរផឹក ដល់សង្ឃ មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ទទួលទក្ខិណាទានបាន។
[២៨០] បុគ្គលមិនគួរនិយាយថា សង្ឃ ទទួលទក្ខិណាទានបានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សង្ឃ បរិបូណ៌ដោយសមាធិ ទទួលទក្ខិណាទាន បីដូចជាភ្លើងទទួលគ្រឿងបូជា ឬដូចជាផែនដីទទួលភ្លៀងធំ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សង្ឃទទួលទក្ខិណាទានបាន។
ID: 637825195147693788
ទៅកាន់ទំព័រ៖