ព្រះត្រៃបិដក ភាគ ៨៦
[២៩៦] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ។ អើ។ បុគ្គលណាមួយ សមស្មើនឹងព្រះពុទ្ធ ដោយសីល សមាធិ និងបញ្ញា មានដែរឬ។ មិនមានទេ។ ប្រសិនបើ បុគ្គលណាមួយ សមស្មើនឹងព្រះពុទ្ធ ដោយសីល សមាធិ និងបញ្ញា មិនមានទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើន។
[២៩៧] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
បុគ្គល ប្រសើរជាងព្រះពុទ្ធក្តី ស្មើនឹងព្រះពុទ្ធក្តី មិនមានក្នុងលោកនេះ និងក្នុងលោកខាងមុខឡើយ ព្រោះថា ព្រះពុទ្ធទ្រង់ដល់នូវភាវៈប្រសើរ ជាងពួកអាហុនេយ្យបុគ្គល របស់ពួកជនអ្នកត្រូវការដោយបុណ្យ អ្នកស្វែងរកផលដ៏ធំទូលាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទាន ដែលបុគ្គលថា្វយចំពោះព្រះពុទ្ធ ជាទានមានផលច្រើន។
ចប់ នវត្តព្វំ ពុទ្ធស្ស ទិន្នំ មហប្ផលន្តិកថា។
ID: 637825197770867725
ទៅកាន់ទំព័រ៖