ព្រះត្រៃបិដក ភាគ ៨៦
[៣០០] ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេឬ។ អើ។ ក្រែងបុគ្គលពួកខ្លះ ឲ្យទានចំពោះសោតាបន្នបុគ្គល ហើយញុំាងសោតាបន្នបុគ្គល ឲ្យត្រេកអរចំពោះទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលពួកខ្លះ ឲ្យទានចំពោះសោតាបន្នបុគ្គល ហើយញុំាងសោតាបន្នបុគ្គល ឲ្យត្រេកអរចំពោះទក្ខិណាទាន មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។ ក្រែងបុគ្គលពួកខ្លះ ឲ្យទាន ចំពោះសកទាគាមិបុគ្គល។បេ។ ចំពោះអនាគាមិបុគ្គល។បេ។ ចំពោះព្រះអរហន្ត ហើយញុំាងព្រះអរហន្តឲ្យត្រេកអរ ចំពោះទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលពួកខ្លះ ឲ្យទានចំពោះព្រះអរហន្ត ហើយញុំាងព្រះអរហន្តឲ្យត្រេកអរ ចំពោះទក្ខិណាទាន មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទាន បរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។
[៣០១] ទាន បរិសុទ្ធតែអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយកទេឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើដល់បុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទានបរិសុទ្ធតែអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ទក្ខិណាវិសុទ្ធិនេះ មាន ៤ យ៉ាង។ ទក្ខិណាវិសុទ្ធិ ៤ យ៉ាង តើដូចម្តេច។
ID: 637825198373692652
ទៅកាន់ទំព័រ៖