ព្រះត្រៃបិដក ភាគ ៨៦
ធម្មទេសនាកថា
[៣០៦] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌ទេឬ។ អើ។ ចុះអ្នកណាសំដែងធម៌។ ព្រះពុទ្ធនិម្មិតសំដែង។ ចុះព្រះពុទ្ធនិម្មិត ជាព្រះជិនស្រី ជាសាស្តា ជាសម្មាសម្ពុទ្ធ ជាសព្វញ្ញុពុទ្ធ ឃើញនូវធម៌ទាំងពួង ជាធម្មស្សាមី មានធម៌ជាទីរលឹកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌ទេឬ។ អើ។ ចុះអ្នកណាសំដែង។ ព្រះអានន្ទមានអាយុ សំដែង។ ព្រះអានន្ទមានអាយុ ជាព្រះជិនស្រី ជាសាស្តា ជាសម្មាសម្ពុទ្ធ ជាសព្វញ្ញុពុទ្ធ ឃើញនូវធម៌ទាំងពួង ជាធម្មស្សាមី មានធម៌ជាទីរលឹកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣០៧] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត តថាគតគប្បីសំដែងធម៌ដោយសង្ខេបខ្លះ ម្នាលសារីបុត្ត តថាគតគប្បីសំដែងធម៌ដោយពិស្តារខ្លះ ម្នាលសារីបុត្ត តថាគតគប្បីសំដែងធម៌ដោយសង្ខេប និងពិស្តារខ្លះ ព្រោះបុគ្គលអ្នកត្រាស់ដឹង រកបានដោយកម្រ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់សំដែងនូវធម៌។
ID: 637825200017848830
ទៅកាន់ទំព័រ៖