ព្រះត្រៃបិដក ភាគ ៨៦

 [៣២១] បុគ្គល​ចេញ​អំពី​ទុតិយជ្ឈាន រំកិល​ទៅកាន់​តតិយជ្ឈាន​បាន​ដែរ​ឬ។ អើ។ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុកណា ដើម្បី​ញុំាង​ទុតិយជ្ឈាន​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​តតិយជ្ឈាន​ឲ្យ​កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​អំពី​ទុតិយជ្ឈាន រំកិល​ទៅកាន់​តតិយជ្ឈាន។ បុគ្គល​មិន​គួរ​និយាយ​ថា ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុកណា ដើម្បី​ញុំាង​ទុតិយជ្ឈាន​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​តតិយជ្ឈាន​ឲ្យ​កើតឡើង​ដែរ​ឬ។ អើ។ តតិយជ្ឈាន​របស់​បុគ្គល​កាល​មិន​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​មិន​តំាង​ចិត្ត​ទុក កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​តតិយជ្ឈាន​របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​តាំងចិត្ត​ទុក កើតឡើង​ឬ។ អើ។ ប្រសិនបើ តតិយជ្ឈាន របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​តាំងចិត្ត​ទុក កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ចេញ​អំពី​ទុតិយជ្ឈាន រំកិល​ទៅកាន់​តតិយជ្ឈាន​បានទេ។ បុគ្គល​ចេញ​អំពី​ទុតិយជ្ឈាន រំកិល​ទៅកាន់​តតិយជ្ឈាន បាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637825202819878974
ទៅកាន់ទំព័រ៖