ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​ជាកុសល និង​អកុសល។បេ។ មាន​ចំណែក (ខ្មៅ និង​ស) មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ មាន ៤។ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ៤ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ផែនដី នេះ​ឈ្មោះថា​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី ១។បេ។ ព្រោះហេតុនោះ ធម៌​របស់​សប្បុរស​ទាំងឡាយ ឆ្ងាយ​អំពី​អសប្បុរស​ទាំងឡាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ធម៌​ជាកុសល និង​អកុសល។បេ។ មកកាន់​ភាវៈ​ចំពោះមុខ​ទេ។
 [៣៤៣] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​លះបង់​ពួក​កិលេស​ជា​អតីត លះបង់​ពួក​កិលេស​ជា​អនាគត លះបង់​ពួក​កិលេស​ជា​បច្ចុប្បន្ន​ទេ​ឬ។ អើ។ បុគ្គល​លះបង់​ពួក​កិលេស មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បុគ្គល​លះបង់​ពួក​កិលេស​ជា​អតីត លះបង់​ពួក​កិលេស​ជា​អនាគត លះបង់​ពួក​កិលេស​ជា​បច្ចុប្បន្ន។

ចប់ កិលេស​ជហន​កថា។

ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637825207076735044
ទៅកាន់ទំព័រ៖