ព្រះត្រៃបិដក ភាគ ៨៦
[៣៦២] វិចិកិច្ឆា របស់បុគ្គលទៀងទាត់តែម៉្យាង មិនគប្បីកើតឡើងទេឬ។ អើ។ (បុគ្គលទៀងទាត់តែម៉្យាង) លះបង់ (វិចិកិច្ឆា) ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (បុគ្គលទៀងទាត់តែម៉្យាង) លះបង់ (វិចិកិច្ឆា) ហើយឬ។ អើ។ (លះបង់) ដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (លះបង់) ដោយសកទាគាមិមគ្គ។បេ។ ដោយអនាគាមិមគ្គ។បេ។ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (លះបង់) ដោយមគ្គ ដូចម្តេច។ ដោយមគ្គជាអកុសល។ មគ្គជាអកុសល ជាទីស្រោចស្រង់ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង មិនដល់នូវការសន្សំកពូនឡើង មិនមានអាសវៈ។បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងមគ្គជាអកុសល មិនជាទីស្រោចស្រង់។បេ។ គួរដល់សេចក្តីសៅហ្មងឬ។ អើ។ ប្រសិនបើ មគ្គជាអកុសល មិនជាទីស្រោចស្រង់។បេ។ គួរដល់សេចក្តីសៅហ្មង មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលទៀងទាត់តែម៉្យាង លះបង់វិចិកិចា្ឆ ដោយមគ្គជាអកុសលទេ។
ID: 637825226437001622
ទៅកាន់ទំព័រ៖