ព្រះត្រៃបិដក ភាគ ៨៦
[៤៤២] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រមដើម្បីនរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ផលនៃអទិន្នាទាន ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីវិនាសនៃភោគៈ។បេ។ ផលនៃកាមេសុមិច្ឆាចារ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសត្រូវ និងពៀរ។បេ។ ផលនៃមុសាវាទ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីការពោលបង្កាច់ដោយពាក្យមិនពិត។បេ។ ផលនៃបិសុណាវាចា ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីបែកចាកមិត្រ។បេ។ ផលនៃផរុសវាចា ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីសំឡេងមិនជាទីគាប់ចិត្ត។បេ។ ផលនៃសម្ផប្បលាបៈ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីវាចាដែលគេមិនគប្បីកាន់យក។បេ។
ID: 637825243908906034
ទៅកាន់ទំព័រ៖