ព្រះត្រៃបិដក ភាគ ៨៦
[៤៥៥] ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ប្រសិនបើ ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។
[៤៥៦] ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ គប្បីចូលទៅកើតក្នុងនរក គប្បីចូលទៅកើតក្នុងកំណើតតិរច្ឆាន ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥៧] ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ មានឫទ្ធិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពោធិសត្វ មានឫទ្ធិឬ។ អើ។ ព្រះពោធិសត្វ មានឆន្ទិទ្ធិបាទ ចម្រើនហើយ។បេ។ មានវីរិយិទ្ធិបាទ។បេ។ មានចិត្តិទ្ធិបាទ។បេ។ មានវីមំសិទ្ធិបាទ ចម្រើនហើយឬ។
ID: 637825246045909035
ទៅកាន់ទំព័រ៖