ព្រះត្រៃបិដក ភាគ ៨៦
អ្នកមិនគួរពោលថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនទេ។
[៦៦] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ (សត្តក្ខត្តុំបរមបុគ្គល ទៀង) ដោយសកទាគាមិនិយមៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយអនាគាមិនិយមៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយអរហត្តនិយមៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចុះដោយនិយមៈដូចម្តេច។ ដោយសោតាបត្តិនិយមៈ។
[៦៧] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ បុគ្គលណាមួយ ឈានចុះកាន់សោតាបត្តិនិយមៈបុគ្គល ទាំងអស់នោះ ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៨] បុគ្គលមិនគួរនិយាយថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនទេឬ។ អើ។ ក្រែងបុគ្គលនោះ ជាសត្តក្ខត្តុំបរមៈ (កើត ៧ ដងទៀតយ៉ាងច្រើន) ឬ។ អើ។ ប្រសិនបើ បុគ្គលនោះជាសត្តក្ខត្តុំបរមៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនមែន។
ចប់ សត្តក្ខត្តុំបរមកថា។
ID: 637825133689310134
ទៅកាន់ទំព័រ៖